
កាលបរិច្ឆេទ: ១០ មេសា ២០២៦ / កសិកម្ម / Author : ATH Sokren
កម្មករ បុគ្គលិក ក្រុមហ៊ុន-សហគ្រាស INVESTCO-PPM-CONFIREL ជាច្រើននាក់បានចូលរួមលេងល្បែងប្រជាប្រិយ បោះឈូង ទាញព្រ័ត្រ ពាំពងមាន់ ញ៉ាំប៉ិគក់ រាំទួលក្អម រាំដណ្តើមកៅអី នៅក្នុងកម្មវិធីសង្ក្រានឆ្នាំថ្មីនៅក្នុងបរិវេណក្រុមហ៊ុន-សហគ្រាស ដែលបានប្រារព្វឡើងនៅព្រឹកថ្ងៃសុក្រទី ១០ ខែមេសា ឆ្នាំ ២០២៦ មុននឹងបែកផ្លូវគ្នាទៅចូលរួមប្រារព្វពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ មមី នៅតាមស្រុកកំណើតរៀងខ្លួន ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ -១៥ -១៦ ខែមេសា។
ក្រៅពីពិធីកម្សន្តជាមួយនឹងល្បែងប្រជាប្រិយ នៅពេលរសៀលមានការរៀបចំពិធីសូត្រមន្តតាមបែបសាសនា ដើម្បីនាំមកនូវសេចក្តីសុខ និងសុភមង្គល ដោយមានការអញ្ជើញចូលរួមពីលោកឧកញ៉ា
ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកកុ្រមហ៊ុន-សហគ្រាស INVESTCO-PPM-CONFIREL និងលោកជំទាវ ព្រមទាំងបុត្រត្រីទាំងពីរ ថ្នាក់ដឹកនាំ បុគ្គលិក កម្មករ ក្រុមហ៊ុន-សហគ្រាសប៉េប៉េអឹម-ខនហ្វីរេលជាងប្រាំរយនាក់។
នៅក្នុងឱកាសនេះដែរលោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាងបានថ្លែងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បុគ្គលិក កម្មករ ប្រកបដោយភាពស្និទ្ធស្នាល ហើយលោកបានបួងសួងឱ្យឆ្នាំថ្មីនេះ នាំមកនូវភាពជោគជ័យ សិរីមង្គលសម្រាប់ក្រុមគ្រួសារប៉េប៉េអឹម-ខនហ្វីរេលទាំងអស់គ្នា។
បន្ទាប់ពីពិធីសំណេះសំណាលនេះរួច លោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង និងលោកជំទាវបានជួបសួរសុខទុកដោយផ្ទាល់ជាមួយអតីតបុគ្គលិកចូលនិវត្តន៍មួយចំនួនដែលត្រូវបានអញ្ជើញឱ្យចូលរួមនៅឆ្នាំនេះ និងផ្តល់អំណោយឆ្នាំថ្មីជូនដល់ពួកគាត់ផងដែរ។ នេះគឺជាទឹកចិត្តសប្បុរសធម៌របស់លោកទាំងទ្វេរដែលតែងតែផ្តល់តម្លៃដល់បុគ្គលិកគ្រប់រូបដែលធ្លាប់បម្រើការងារនៅក្នុងក្រុមហ៊ុនទាំងពីររបស់លោក បើទោះបីពួកគាត់បានចូលនិវត្តន៍ទៅហើយក៏ដោយ៕
